ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (Democratic Development)

គឺជាការអភិវឌ្ឍដែលដំណើរការដោយមានលក្ខណះដូចខាងក្រោម៖

  • ភាពជាតំណាងសាធារណៈ (Public Representation) : ក្រុមប្រឹក្សា ត្រូវអនុវត្តការងារក្នុងនាម និងធ្វើជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
  • ស្វ័យភាពរបស់មូលដ្ឋាន (Local Autonomy) : ស្ថានភាពដែលក្រុមប្រឹក្សាអាចម្ចាស់ការចាត់ចែង គ្រប់គ្រងនូវកិច្ចការដែលបានប្រគល់ ឬ ធ្វើប្រតិភូកម្មឱ្យដោយច្បាប់នេះប្រកបដោយប្រសិទ្ធភាព ។
  • ការពិគ្រោះយោបល់ និងការចូលរួម (Consultation and Participation) : ជាដំណើរការនៃការអនុវត្តការងារ និងការធ្វើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដែលក្រុមប្រឹក្សាត្រូវ
    • ជួបនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន
    • លើកទឹកចិត្ត និងសម្របសម្រួលឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅគ្រប់ផ្នែកទាំងអស់នៃអភិបាលកិច្ច ដើម្បីស្វែងយល់និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ។
  • ឆ្លើយតប និងគណនេយ្យភាព (Responsiveness and Accountability) : ក្នុងនាមជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមប្រឹក្សាត្រូវឆ្លើយតបចំពោះប្រជាពលរដ្ឋរបស់ខ្លួនក្នុងការធ្វើគោលនយោបាយ សេចក្តីសម្រេចចិត្ត សកម្មភាព និងការបំពេញការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនូវអ្វីដែលខ្លួនបានអនុវត្ត ។ ក្រុមប្រឹក្សាក៏ទទួលខុសត្រូវផងដែរចំពោះរាជរដ្ឋាភិបាលក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងច្បាប់នានា ។
  • លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន (Promotion of Life Quality of the Local Residents) សំដៅទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បី
    • បង្កើត និងធ្វើឱ្យមាននិរន្តរភាពនូវបរិយាកាសមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងសុខុមាលភាព
    • លើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និង
    • លើកកម្ពស់ផាសុកភាព និងគុណភាពជីវិតនៃប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
  • លើកស្ទួយសមធម៌ (Promotion of Equity) : ការគិតគូរ និងយកចិត្តទុកដាក់ជាពិសេសទៅលើតម្រូវការខុសៗគ្នារបស់ស្ត្រី បុរស យុវជន និងកុមារព្រមទាំងតម្រូវការខុសៗគ្នារបស់ក្រុមជនងាយរងគ្រោះ រាប់បញ្ចូលទាំងប្រជាពលរដ្ឋក្រីក្រនិងជនជាតិដើមភាគតិច ។
  • តម្លាភាព និងសុច្ចវិតភាព (Transparency and Integrity) : គឺជាការចាត់ចែងនិងគ្រប់គ្រងកិច្ចការនានា រាប់បញ្ចូលទាំងកិច្ចការហិរញ្ញវត្ថុ ដោយអនុលោមតាមបទដ្ឋានខ្ពស់បំផុតនៃសុច្ចវិតភាព និងច្បាប់ក្នុងលក្ខណៈបើកចំហ តម្លាភាព ភាពចូលរួមភាពឆ្លើយតប ។
  • វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច (Measures to Fight Corruption and Abuse ofPower): គឺជាការប្រកាន់យកនូវវិធាននៃច្បាប់ព្រមទាំងការប្រឆាំង និងរាយការណ៍អំពីអំពើពុករលួយ និងការរំលោភអំណាច ។

ដកស្រង់ចេញពីច្បប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលខេត្ត-ក្រុង-ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨