ចំណូលពីគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន
ជាចំណូលដែលទទួលបានមកពីគម្រោងវិនិយោគ ដូចមានកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិង/ឬការផ្គត់ផ្គង់សេវាសាធារណៈ មានជាអាទិ៍៖
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈបម្រើដល់វិស័យដឹកជញ្ជូននិងវិស័យភស្តុភារកម្ម មានជាអាទិ៍ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក អាកាសយានដ្ឋាន កំពង់ផែ ចំណតសាធារណៈ ព្រែកជីក
- ហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល
- ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី បំពង់បង្ហូរប្រេងនិងឧស្ម័ន និងសេវាសាធារណៈផ្សេងទៀត ក្នុងវិស័យរ៉ែនិងថាមពល
- ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធបូមស្តារប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់ និងសេវាសាធារណៈផ្សេងទៀតបម្រើឪ្យកិច្ចគាំពារបរិស្ថាន
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យសុខាភិបាល
វិស័យអប់រំ វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យទេសចរណ៍ វិស័យវប្បធម៌និងសិល្បៈ វិស័យកីឡា និងលំនៅឋានសង្គម - ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
នវានុវត្តន៍ មានជាអាទិ៍តំបន់សេដ្ឋកិច្ចពិសេស សួនបណ្តុំឧស្សាហកម្មធុនតូចនិងមធ្យម សួនបច្ចេកវិទ្យានិងនវានុវត្តន៍ - ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងសេវាមន្ទីរពិសោធន៍ ការគាំទ្រការកែច្នៃ ការរក្សាផលិតផល និងការជំរុញពាណិជ្ជកម្ម
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យកសិកម្មនិងប្រព័ន្ធធារាសាស្ត្រ
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈផ្សេងទៀតដែលច្បាប់ដោយឡែកអនុញ្ញាត។ វៀរលែងតែមានកំណត់នៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំណូលពីគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជនមានរូបភាពជាភាគចំណែករបស់រដ្ឋដែលគិតជាភាគរយនៃចំណូលដុលតាមការព្រមព្រៀងរវាងភាគីរដ្ឋ និងដៃគូឯកជន។ ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ត្រូវអនុវត្តតាមវិធាននិងនីតិវិធី ដូចមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២