ប្រព័ន្ធចំណាត់ថ្នាក់

សំដៅដល់ការរៀបចំអាជីពរបស់មន្ត្រីរាជការស៊ីវិល ទៅតាមប្រភេទក្របខ័ណ្ឌ ឋានន្តរសក្តិ និងថ្នាក់ សម្រាប់ការងារឬមន្ត្រី ដោយផ្អែកលើលក្ខខណ្ឌនៃកម្រិតវប្បធម៌។ ប្រព័ន្ធចំណាត់ថ្នាក់បច្ចុប្បន្ន គឺជាប្រព័ន្ធអាជីពដែលត្រូវបានកំណត់ដោយច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌនីមួយៗ។ នៅក្នុងប្រព័ន្ធអាជីពនេះការជ្រើសរើសចូលក្របខ័ណ្ឌគឺផ្អែកលើកម្រិតវប្បធម៌ ហើយមានកំណត់ច្បាស់លាស់អំពីការវិវឌ្ឍអាជីពជាបន្តបន្ទាប់។ ក្របខ័ណ្ឌប្រភេទ “ក” គឺក្រុមមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់និងមន្ត្រីដែលមានជំនាញខ្ពស់ ដែលមានកម្រិតវប្បធម៌យ៉ាងទាបបំផុតមធ្យមសិក្សាទុតិយភូមិបូកបួនឆ្នាំនៃការសិក្សា ដោយមានសញ្ញាបត្រ។ ក្របខ័ណ្ឌប្រភេទ “ខ” គឺក្រុមមន្ត្រីដែលមានកម្រិតវប្បធម៌យ៉ាងទាបមធ្យមសិក្សាទុតិយភូមិបូក២ឆ្នាំនៃការសិក្សាដោយមានសញ្ញាបត្រ។ ក្របខ័ណ្ឌប្រភេទ «គ» គឺក្រុមមន្ត្រីប្រតិបត្តិដែលមានកម្រិតវប្បធម៌យ៉ាងទាបបំផុតមធ្យមសិក្សាទុតិយភូមិ។ ក្របខ័ណ្ឌប្រភេទ«ឃ» គឺក្រុមមន្ត្រីភ្នាក់ងាររដ្ឋបាលដែលពុំមានសញ្ញាបត្រ។

ដកស្រង់ចេញពីគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ចុះថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៣