ចំណូលពីសម្បទានគ្រប់គ្រងសេវាសាធារណៈ
ជាចំណូលទទួលបានមកពីការប្រគល់សិទ្ធិជូនបុគ្គលឯកជនដើម្បីធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬសេវាសាធារណៈដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ តាមរយៈលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងគោលដៅបម្រើសេវាសាធារណៈជូនដល់សាធារណជន ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ដែលមានជាអាទិ៍ ផ្សារ កំពង់ចម្លង ចំណតយានជំនិះ ចំណតជលយាន មជ្ឈមណ្ឌលបែងចែកផលនេសាទ សត្តឃាតដ្ឋាន អនាម័យសត្វ ទីលានទុកដាក់សំរាមសំណល់រឹងទីប្រជុំជន ស្ថានីយផ្ទេរសំរាមសំណល់រឹងទីប្រជុំជន សេវាអនាម័យ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ វៀរលែងតែសេវាសាធារណៈដែលមានកំណត់ក្នុងចំណុច ក ខាងលើ។ ចំណូលនេះ ត្រូវបានកំណត់ក្នុងទម្រង់ជាការបែងចែកផល ដែលរដ្ឋទទួលបានចំណូលអាស្រ័យទៅតាមកំណើនអាជីវកម្មរបស់បុគ្គលឯកជន។
ការគ្រប់គ្រងសម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវអនុវត្តតាមវិធាននិងនីតិវិធី ដូចមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
