អំពីគម្រោង

គម្រោងនេះ មានគោលដៅប្រមូលនិងចងក្រងវាក្យស័ព្ទរដ្ឋបាលសាធារណៈ ដែលមានបញ្ញត្តិនៅក្នុងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយត្រូវធ្វើការវាយចម្លងឡើងវិញ ពិនិត្យផ្ទៀតផ្ទាត់ភាពត្រឹមត្រូវ និងដាក់ផ្សព្វផ្សាយជាសាធារណៈ នៅក្នុង(១)គេហទំព័រផ្លូវការដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ (២) កម្មវិធីទូរសព្ទដៃវៃឆ្លាត ដើម្បីបង្កភាពងាយស្រួលដល់គ្រប់តួអង្គពាក់ព័ន្ធ មន្រ្តីសាធារណៈ និងសាធារណៈជនទូទៅ អាចស្រាវជ្រាវ និងទាញយក សម្រាប់ប្រើប្រាស់តាមសេចក្តីត្រូវការចាំបាច់ក្នុងការសិក្សា ស្រាវជ្រាវ និងការបំពេញភារកិច្ចការងារផ្សេងៗ។

ការរៀបចំចងក្រងវាក្យស័ព្ទរដ្ឋបាលសាធារណៈ ជាមូលដ្ឋានសម្រាប់ធ្វើឱ្យការតាក់តែង ការបកស្រាយ ការអនុវត្តលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យមុខងារសាធារណៈមានសង្គតិភាព និងសុខដុមនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍភាសាជាតិ។ គម្រោងនេះ ជួយគាំទ្រដល់ការអនុវត្តវិធានការគន្លឹះទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពនិងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីផលប្រយោជន៍ប្រជាជន។